តើកម្ពុជាអាចយកបញ្ហាព្រះវិហារទៅតុលាការអន្តរជាតិបានដែរឬទេ? February 17, 2010
Posted by chandrapong007 in Cambodia, History, Politics.trackback ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14/02/2010 14:20 ម៉ោងសកល
នៅ ក្នុងពេលដែលស្ថានភាពព្រំដែនកម្ពុជា-ថៃ កំពុងតែមានភាពតានតឹងខ្លាំងឡើង ទាំងផ្នែកយោធា និងនយោបាយ រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសព្រមានផងដែរថា នឹងនាំយកបញ្ហាព្រះវិហារនេះទៅកាន់តុលាការអន្តរជាតិ ឬទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ លោកអាភិស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ បានបដិសេធរួចជាស្រេចទៅហើយថា នឹងមិនព្រមឲ្យតុលាការអន្តរជាតិលូកដៃចូលក្នុងរឿងព្រះវិហារនេះ ម្តងទៀតនោះទេ។
កម្ពុជាព្រមានថានឹងយករឿងព្រះវិហារទៅតុលាការក្រុងឡាអេ
ប្រសិនបើគ្មានការឯកភាពពីខាងភាគីថៃ តើកម្ពុជាអាចយកបញ្ហាព្រំដែនព្រះវិហារទៅតុលាការក្រុងឡាអេបានដែរឬទេ?ជាការ ពិតថា តុលាការយុត្តិធម៌អន្តរជាតិ (តុលាការក្រុងឡាអេ) មានលក្ខណៈពិសេស មិនដូចជាតុលាការជាតិនោះទេ។ តុលាការក្រុងឡាអេ អាចយកសំណុំរឿងមួយមកជំនុំជម្រះបាន ទាល់តែរដ្ឋជាភាគីជម្លោះ យល់ព្រមទាំងអស់គ្នា សុខចិត្តឲ្យតុលាការនេះកាត់ក្តី ទើបតុលាការអាចមានសមត្ថកិច្ចជំនុំជម្រះលើសំណុំរឿងនេះបាន។ ក៏ប៉ុន្តែ នេះ អនុវត្ត សម្រាប់តែសំណុំរឿងថ្មីប៉ុណ្ណោះ។
ក្នុងសំណុំរឿង ព្រះវិហារ តុលាការក្រុងឡាអេធ្លាប់បានជំនុំជម្រះ ហើយចេញជាសាលក្រមរួចទៅហើយ កាលពីឆ្នាំ១៩៦២។ រយៈពេលក្នុងការប្តឹងទាស់ (១០ឆ្នាំ ក្រោយថ្ងៃចេញសាលក្រម) ក៏ហួសជាយូរមកហើយដែរ។
លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនខ្មែរ ដែលមានប្រសាសន៍ ក្នុងបទយកការណ៍របស់លាង ដឺលុច (វិទ្យុ RFI) កាលពីថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ២០១០ បានឲ្យដឹងថា កម្ពុជាមិនមានគម្រោងយករឿងព្រះវិហារទៅឲ្យតុលាការក្រុងឡាអេ កាត់ក្តីឡើងវិញទេ។ កម្ពុជាគ្រាន់តែចង់ស្នើសុំឲ្យតុលាការក្រុងឡាអេ បកស្រាយពន្យល់ឡើងវិញ នូវអត្ថន័យនៃសាលក្រម ឆ្នាំ១៩៦២នេះប៉ុណ្ណោះ។
នៅ ក្នុងករណី ដែលកម្ពុជាចង់ប្តឹងឲ្យតុលាការក្រុងឡាអេ ពន្យល់ បកស្រាយ សាលក្រម ឆ្នាំ១៩៦២នេះ តុលាការក្រុងឡាអេ មិនតម្រូវឲ្យមានការឯកភាពពីខាងភាគីថៃនោះទេ។ ភាគីកម្ពុជាអាចស្នើសុំទៅតុលាការក្រុងឡាអេតែម្នាក់ឯងបាន។
មាត្រា ៦០ នៃលក្ខន្តិកៈរបស់តុលាការក្រុងឡាអេ ចែងយ៉ាងច្បាស់ថា នៅក្នុងករណីដែលមានការខ្វែងគំនិតគ្នា លើអត្ថន័យ ឬក៏ទៅលើវិសាលភាពនៃសាលក្រមរបស់តុលាការ តុលាការមានសមត្ថកិច្ចធ្វើការបកស្រាយពន្យល់ តាមសំណើរបស់ ភាគីណាមួយក៏បាន ក្នុងចំណោមគូភាគីជម្លោះ។
តើ សាលក្រមឆ្នាំ១៩៦២ មានចំណុចត្រង់ណាដែលមិនច្បាស់ បានជាកម្ពុជាចាំបាច់ត្រូវសុំតុលាការក្រុងឡាអេឲ្យធ្វើការបកស្រាយ ឡើងវិញដូច្នេះ?
ការស្នើសុំឲ្យតុលាការក្រុងឡាអេ ធ្វើការពន្យល់បកស្រាយឡើងវិញនេះ មិនមែនមកពី សាលក្រមឆ្នាំ១៩៦២មានភាពស្រពិចស្រពិល ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមិនយល់ ឬយល់មិនច្បាស់នោះទេ។ បញ្ហា គឺមកពីខាងភាគីថៃ ដែលធ្វើការបកស្រាយសាលក្រមនេះ ខុសពីខ្លឹមសារដើម។
ថៃបានបកស្រាយថា ក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេកាត់ក្តីតែទៅលើតួប្រាសាទព្រះវិហារប៉ុណ្ណោះ ហើយមិនបាននិយាយទៅដល់ដីជុំវិញព្រះវិហារទេ។ ហេតុដូច្នេះហើយបានជាថៃតែងតែទាមទារថា ដីជុំវិញប្រាសាទព្រះវិហារជាដីថៃ បង្កើតបានទៅជាតំបន់ជម្លោះ ៤,៦គីឡូម៉ែត្រការ៉េ សព្វថ្ងៃនេះ។
មានទាំងអ្នកនយោបាយថៃខ្លះបាន អះអាងទៅទៀតថា តុលាការក្រុងឡាអេកាត់តែតួប្រាសាទព្រះវិហារទេឲ្យមកខ្មែរ ចំណែកដី មិនត្រឹមតែដីជុំវិញទេ សូម្បីតែដីនៅពីក្រោមប្រាសាទ ក៏ជាដីរបស់ថៃដែរ។
ដោយមកពីភាគីថៃ ធ្វើការបកស្រាយសាលក្រមតាមតែអំពើចិត្ត ខុសពីខ្លឹមសារដើមដូច្នេះហើយ ទើបកម្ពុជាត្រូវស្នើសុំឲ្យតុលាការក្រុងឡាអេធ្វើការបកស្រាយ ពីព្រោះថា មានតែតុលាការនេះទេ ដែលមានសមត្ថកិច្ចពន្យល់ បកស្រាយ អំពីអត្ថន័យ ឬវិសាលភាពនៃសេចក្តីសម្រេចរបស់ខ្លួន។ ការបកស្រាយរបស់តុលាការក្រុងឡាអេ គឺជាការបកស្រាយដែលមានអំណាចផ្លូវច្បាប់ដល់គូភាគី។
តើក្នុងសាលក្រម ឆ្នាំ១៩៦២ ចៅក្រមកាត់សេចក្តីតែពីតួប្រាសាទព្រះវិហារ ឬក៏បានកាត់ក្តីពីដីជុំវិញប្រាសាទដែរ?
សាលក្រម ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ របស់តុលាការក្រុងឡាអេ គេមិនឃើញត្រង់កន្លែងណា ដែលសរសេរថា “ប្រាសាទព្រះវិហារ ជារបស់ កម្ពុជា” នោះទេ។
ឃ្លា ពិតប្រាកដ នៃសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសាលក្រមនេះ (ទាំងសាលក្រមជាភាសាបារាំង ទាំងសាលក្រមជាភាសាអង់គ្លេស) ចែងថា៖ “ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅលើដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា”។
បើ យោងទៅលើឃ្លានេះ ចៅក្រមតុលាការក្រុងឡាអេ កាត់សេចក្តីឲ្យប្រាសាទព្រះវិហារមកឲ្យខ្មែរ មិនមែនដោយសារតែនៅលើតួប្រាសាទនេះមានឆ្លាក់អក្សរ “ជារបស់ខ្មែរ” ឬក៏មានចុះលេខសម្គាល់កម្មសិទ្ធិថាជារបស់ខ្មែរនោះទេ! តួប្រាសាទមិនមែនជាទឡ្ហីករណ៍នៃសេចក្តីសម្រេចរបស់ចៅក្រមនោះទេ។
ទឡ្ហីករណ៍ ចម្បងរបស់តុលាការ គឺដី ដែលប្រាសាទព្រះវិហារតាំងនៅ៖ ប្រាសាទព្រះវិហារត្រូវប្រគល់មកឲ្យខ្មែរ ព្រោះប្រាសាទនេះ ស្ថិតនៅលើដីខ្មែរ។
ដូច្នេះ មុននឹងឈានដល់ការសន្និដ្ឋានបែបនេះ ចៅក្រុមតុលាការក្រុងឡាអេ បាន កាត់សេចក្តីជាលំដាប់លំដោយ ដោយចាប់ផ្តើមពីការកំណត់ព្រំដែនខ្មែរ-ថៃជាមុន ដើម្បីរកឲ្យឃើញថា ដីម្តុំប្រាសាទព្រះវិហារនេះជាដីរបស់ខ្មែរ ឬដីរបស់ថៃ។
ដើម្បីកំណត់ព្រំដែននេះ តុលាការក្រុងឡាអេ បានយកផែនទីឧបសម្ព័ន្ធទី១ (ដែលហៅថាផែនទីដងរែក) ភ្ជាប់នឹងសន្ធិសញ្ញាបារាំង-សៀម ចុះឆ្នាំ១៩០៤-១៩០៧ មកធ្វើជាសំអាង ដោយចៅក្រមបានកំណត់ថា ខ្សែព្រំដែន ដែលមាននៅលើផែនទីនេះ ទើបជាព្រំដែនស្របច្បាប់អន្តរជាតិ រវាងកម្ពុជា និងថៃ។
ផែនទី ឧបសម្ព័ន្ធទី១ ដែលតុលាការក្រុងឡាអេយកមកធ្វើជាសំអាង ក្នុងសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ (ចំណុចក្រហម៖ តួប្រាសាទព្រះវិហារ)
យោងតាមផែនទីនេះ ព្រំដែនខ្មែរ-ថៃ ស្ថិតនៅហួសពីប្រាសាទព្រះវិហារទៅខាងថៃ រាប់រយម៉ែត្រទៅទៀត មិនមែនកាត់ត្រឹមជើងជណ្ដើរឡើងប្រាសាទ ដូចផែនទីថៃគូសជាឯកតោភាគីសព្វថ្ងៃនេះទេ។
ដោយមើលឃើញថា យោងតាមខ្សែព្រំដែនអន្តរជាតិ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់ខ្មែរដូច្នេះហើយ ទើបតុលាការបានសម្រេចជាចុងក្រោយ (ចៅក្រម ៩រូបស្រប ៣រូបជំទាស់) ថា ប្រាសាទព្រះវិហារត្រូវប្រគល់មកឲ្យខ្មែរ។
លើសពីនេះទៅទៀត ចៅក្រមតុលាការក្រុងឡាអេថែមទាំងបានដាក់កំហិតឲ្យថៃដកកម្លាំង ប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ និងចេញពីទីតាំងជុំវិញប្រាសាទព្រះវិហារដែលជាទឹកដីរបស់ខ្មែរ។
នេះ បញ្ជាក់កាន់តែច្បាស់ទៀតថា សាលក្រមឆ្នាំ១៩៦២ កំណត់ច្បាស់ថា ទាំងតួប្រាសាទព្រះវិហារ ទាំងដីជុំវិញប្រាសាទរហូតដល់ខ្សែព្រំដែន ដែលមានក្នុងផែនទី “ដងរែក” (ឧបសម្ព័ន្ធទី១) គឺជារបស់កម្ពុជា។ ថៃត្រូវតែដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពី ក្នុងប្រាសាទ និងពីលើទឹកដីជុំវិញប្រាសាទ។
ចុះ ប្រសិនបើប្តឹងទៅតុលាការក្រុងឡាអេ ហើយតុលាការធ្វើការបកស្រាយច្បាស់ៗថា ទាំងតួប្រាសាទព្រះវិហារ ទាំងដីជុំវិញប្រាសាទជារបស់ខ្មែរ ប៉ុន្តែ ថៃនៅតែចចេសមិនព្រមទទួលយក តើកម្ពុជាអាចធ្វើយ៉ាងម៉េចទៀតបាន?!
កម្ពុជា អាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន ព្រោះ ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័ន ដែលមានសមត្ថកិច្ចធានាការអនុវត្តសេចក្តីសម្រេចរបស់តុលាការក្រុង ឡាអេ។
ចំណុចនេះមានចែងច្បាស់ ក្នុងមាត្រា ៩៤ នៃធម្មនុញ្ញសហប្រជាជាតិ ដែល ថា នៅក្នុងករណី ដែលមានភាគីមួយមិនសុខចិត្ត ដោយមកពីភាគីមួយទៀតមិនព្រមគោរពតាមកាតព្វកិច្ចកំណត់ដោយសាលក្រម តុលាការអន្តរជាតិក្រុងឡាអេ ភាគីនោះអាចស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខ ឲ្យចាត់វិធានការ ដើម្បីបង្ខំឲ្យភាគីម្ខាងទៀតអនុវត្តតាមសាលក្រម។
ការប្តឹងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ ក៏មិនចាំបាច់មានការឯកភាពយល់ព្រម ពីសំណាក់ភាគីថៃនោះដែរ។
ក៏ប៉ុន្តែ ដូចយើងដឹងស្រាប់ហើយថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. គឺជាស្ថាប័ននយោបាយ ដែលមានសមាជិកជារដ្ឋ ដែលអាចមានជាប់ផលប្រយោជន៍ជាមួយប្រទេសថៃ។ ដូច្នេះ បើចង់ឲ្យក្រុមប្រឹក្សាសន្តិសុខទទួលយកសំណុំរឿងព្រះវិហារ ដាក់បញ្ចូលទៅក្នុងរបៀបវារៈប្រជុំ រដ្ឋាភិបាលកម្ពុជាត្រូវតែមានភាពវៃឆ្លាត ក្នុងការបញ្ចុះបញ្ចូល (Lobby) ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ជាពិសេស សមាជិកអចិន្រ្តៃយ៍ទាំង៥ (សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី)៕
Source: http://www.rfi.fr/actukm/articles/122/article_4526.asp
No comments:
Post a Comment